យន្តហោះកងទ័ពជើងទឹកម៉ិកស៊ិកដឹកអ្នកជំងឺ បានធ្លាក់នៅជិតទីក្រុង Galveston ស្លាប់មនុស្សយ៉ាងតិច ៥ នាក់

NBC NEWS : មន្ត្រីអាជ្ញាធរបានឱ្យដឹងថា យន្តហោះតូចមួយរបស់កងទ័ពជើងទឹកម៉ិកស៊ិក ដែលកំពុងដឹកជញ្ជូនអ្នកជំងឺកុមារម្នាក់ និងមនុស្ស ៧ នាក់ផ្សេងទៀត បានធ្លាក់កាលពីថ្ងៃចន្ទ នៅជិតទីក្រុង Galveston បណ្តាលឱ្យមនុស្សយ៉ាងតិច ៥ នាក់ស្លាប់ និងបង្កឱ្យមានការបើកប្រតិបត្តិការស្វែងរកនៅក្នុងទឹកតាមបណ្តោយឆ្នេរសមុទ្រតិចសាស់ (Texas)។

កងទ័ពជើងទឹកម៉ិកស៊ិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា មនុស្ស ៤ នាក់នៅលើលើយន្តហោះគឺជាមន្ត្រីកងទ័ពជើងទឹក និង ៤ នាក់ទៀតជាជនស៊ីវិល រួមទាំងកុមារម្នាក់ផងដែរ។ ក្នុងចំណោមអ្នកដំណើរ ក៏មានសមាជិក ២ នាក់មកពីអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់ជំនួយដល់កុមារម៉ិកស៊ិកដែលមានរបួសរលាកធ្ងន់ធ្ងរ រួមទាំងការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Galveston ផងដែរ។
លោក Luke Baker មន្ត្រីឆ្មាំសមុទ្រសហរដ្ឋអាមេរិក បាននិយាយថា មនុស្សយ៉ាងតិច ៥ នាក់នៅលើលើយន្តហោះបានស្លាប់ ប៉ុន្តែលោកមិនទាន់បានបញ្ជាក់អត្តសញ្ញាណថាជាអ្នកដំណើររូបណានៅឡើយទេ។ ចំពោះមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។
កងម៉ារីនម៉ិកស៊ិកបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនសូមផ្ញើ “ការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ដ៏សោកសៅនេះ”។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ។
ហេតុការណ៍ធ្លាក់នេះបានកើតឡើងកាលពីរសៀលថ្ងៃចន្ទ នៅតំបន់ឈូងសមុទ្រ Galveston Bay ជិតមូលដ្ឋាននៃស្ពានដែលតភ្ជាប់កោះ Galveston ទៅកាន់ដីគោក។ ក្រុមអ្នកឆ្លើយតបបន្ទាន់ និងក្រុមស្វែងរកបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដែលស្ថិតនៅជិតគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏ពេញនិយមតាមបណ្តោយឆ្នេរតិចសាស់ ដែលមានចម្ងាយប្រហែល ៥០ ម៉ាយ (៨០ គីឡូម៉ែត្រ) ភាគអាគ្នេយ៍នៃទីក្រុង Houston។
លោក Sky Decker ក្បាលម៉ាស៊ីនកប៉ាល់កម្សាន្ត (Yacht Captain) ម្នាក់ដែលរស់នៅចម្ងាយប្រហែល ១ ម៉ាយពីកន្លែងកើតហេតុ បាននិយាយថា លោកបានលោតចុះទូករបស់លោកដើម្បីទៅមើលថាតើអាចជួយអ្វីបានខ្លះ។ លោកបានបន្តថា លោកបានដឹកមន្ត្រីប៉ូលិស ២ នាក់ ដែលបានណែនាំផ្លូវលោកកាត់តាមអ័ព្ទយ៉ាងក្រាស់ ទៅកាន់យន្តហោះដែលបានលិចចូលក្នុងទឹកស្ទើរតែទាំងស្រុង។ លោក Decker បានលោតចូលទៅក្នុងទឹក ហើយបានរកឃើញស្ត្រីម្នាក់ដែលរងរបួសធ្ងន់ កំពុងជាប់នៅក្រោម កៅអី និងកម្ទេចកម្ទីផ្សេងៗ។
លោកបានរៀបរាប់ថា៖ «ខ្ញុំស្ទើរតែមិនជឿទាល់តែសោះ។ គាត់មានចន្លោះខ្យល់សម្រាប់ដកដង្ហើមតែប្រហែល ៣ អ៊ីញ (៧.៦ សង់ទីម៉ែត្រ) ប៉ុណ្ណោះ។ ហើយនៅទីនោះមានប្រេងយន្តហោះលាយជាមួយទឹក ហុយខ្លិនខ្លាំងណាស់។ គាត់ពិតជាកំពុងប្រយុទ្ធដើម្បីរស់»។
លោកបានបន្ថែមថា លោកក៏បានទាញបុរសម្នាក់ដែលអង្គុយនៅពីមុខស្ត្រីរូបនោះចេញមកដែរ ប៉ុន្តែគាត់បានស្លាប់បាត់ទៅហើយ។ លោកបានបញ្ជាក់ថា អ្នកទាំងពីរគឺស្លៀកសម្លៀកបំពាក់ជាជនស៊ីវិល។

យោងតាមគេហទំព័ររបស់អង្គការមិនមែនរដ្ឋាភិបាល កងទ័ពជើងទឹកម៉ិកស៊ិកបានឱ្យដឹងថា យន្តហោះនោះកំពុងជួយក្នុងបេសកកម្មវេជ្ជសាស្ត្រ ដោយមានការសម្របសម្រួលជាមួយមូលនិធិ Michou and Mau ដែលជាអង្គការផ្តល់សេវាដឹកជញ្ជូនបន្ទាន់សម្រាប់កុមារដែលមានរបួសរលាកធ្ងន់ធ្ងរដល់ជីវិត ទៅកាន់មន្ទីរពេទ្យកុមារ Shriners ក្នុងទីក្រុង Galveston។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម មូលនិធិមួយនេះបានថ្លែងថា៖ «យើងសូមសម្តែងនូវសាមគ្គីភាពយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារនៃសព ចំពោះព្រឹត្តិការណ៍ទាំងនេះ។ យើងសូមចូលរួមរំលែកទុក្ខដោយសេចក្តីគោរព និងក្តីមេត្តា ដើម្បីជាការផ្តល់កិត្តិយសដល់វិញ្ញាណក្ខន្ធរបស់ពួកគេ និងដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់ការថែទាំប្រកបដោយមនុស្សធម៌ ក្តីអាណិតអាសូរ និងសេចក្តីថ្លៃថ្នូរដល់កុមារដែលរងរបួសរលាក»។

សេចក្តីថ្លែងការណ៍ពីកងទ័ពជើងទឹកម៉ិកស៊ិកបានបញ្ជាក់ថា យន្តហោះបានជួប “គ្រោះថ្នាក់” ក្នុងអំឡុងពេលហោះហើរតម្រង់ទៅកាន់ទីក្រុង Galveston ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

នាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស់ បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា ក្រុមការងារមកពី រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) និង គណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូន (NTSB) បានទៅដល់កន្លែងកើតហេតុហើយ។

អ្នកនាំពាក្យរបស់ NTSB បាននិយាយថា ពួកគេ “បានដឹងពីគ្រោះថ្នាក់នេះហើយ និងកំពុងប្រមូលព័ត៌មានពាក់ព័ន្ធ”។ ចំណែកការិយាល័យតម្រួតតំបន់ Galveston (Galveston County Sheriff’s Office) បានឱ្យដឹងថា មន្ត្រីមកពីក្រុមមុជទឹក, អង្គភាពពិនិត្យកន្លែងកើតហេតុ, អង្គភាពដ្រូន និងក្រុមល្បាត កំពុងចុះអន្តរាគមន៍ក្នុងករណីធ្លាក់យន្តហោះនេះ។

គេមិនទាន់ដឹងច្បាស់ភ្លាមៗទេថា តើអាកាសធាតុគឺជាកត្តាបង្កឱ្យមានគ្រោះថ្នាក់នេះឬយ៉ាងណា។ បើតាមលោក Cameron Batiste អ្នកឧតុនិយមមកពីសេវាអាកាសធាតុជាតិ បានឱ្យដឹងថា តំបន់នោះមានសភាពអ័ព្ទក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោកបានបន្តថា នៅប្រហែលម៉ោង ២:៣០ រសៀលថ្ងៃចន្ទ អ័ព្ទបានធ្លាក់ចុះ ដែលធ្វើឱ្យលទ្ធភាពមើលឃើញមានចម្ងាយត្រឹមតែប្រហែល កន្លះម៉ាយ (ប្រហែល ៨០០ ម៉ែត្រ) ប៉ុណ្ណោះ ៕ By

ព័ត៌មានដែលជាប់ទាក់ទង