ក្រសួងការបរទេសកម្ពុជា ណែនាំឲ្យស្ថានទូតកម្ពុជានិងតំណាងនៅបរទេសទាំងអស់ ជូនដំណឹងទៅអ្នកដំណើរទាំងខ្មែរ និងបរទេស ចៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសសៀម និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍សៀម ជាបណ្តោះអាសន្ន

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានណែនាំឲ្យស្ថានទូតកម្ពុជា ប្រចាំនៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់សៀម និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ។
នេះបើយោងលិខិតរបស់ក្រសួងការបរទេស លេខ ១៥០២៥ កបទ.សអ.ច្បក៦ ចេញថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ «ខ្ញុំសូមជម្រាប ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោកអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស ថា ចាប់តាំងពីមានការផ្ទុះអាវុធឈ្លានពានទឹកដីកម្ពុជា អាជ្ញាធរថៃបានប្រព្រឹត្តទង្វើមិនសមរម្យ បង្កការ លំបាក និងការភិតភ័យដល់អ្នកដំណើរបរទេស និងពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃចូលមក ប្រទេសកម្ពុជាដោយអាជ្ញាធរថៃបានឃាត់ខ្លួន នាំទៅសាកសួរ ថតវីដេអូ និងចែកឆេរវ៉ាលីសជាដើម។
ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃនេះ ក្រសួងសូមធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
សូម ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោកអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស អនុវត្តតាម ការណែនាំខាងលើឲ្យបានម៉ឺងម៉ាត់។» ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃ ៕

ព័ត៌មានដែលជាប់ទាក់ទង