ទូទាំងសកលលោក កំពុងប្រកាសអាសន្នយ៉ាងខ្លាំងលើការគំរាមកំហែងពីមេរោគចារកម្ម (Spyware) ថ្មីលើទូរស័ព្ទ iPhone ដែលមានឈ្មោះថា “DarkSword”

បច្ចេកវិជ្ជា ៖ អ្នកស្រាវជ្រាវផ្នែកសន្តិសុខបានរកឃើញបណ្តុំនៃការវាយប្រហារកម្រិតខ្ពស់ (Exploit chain) ដែលមានសមត្ថភាពអាចលួចចូល (Hack) ទូរស័ព្ទ iPhone ដោយស្ងាត់ៗ ដែលក្នុងករណីខ្លះគ្រាន់តែអ្នកចូលទៅកាន់គេហទំព័រដែលមានផ្ទុកមេរោគ គឺវាអាចវាយលុកបានតែម្តង — មានន័យថា វាមិនតម្រូវឱ្យមានការចុច ឬទាញយកអ្វីទាំងអស់ (ហានិភ័យប្រភេទ Near zero-click)។

ការវាយប្រហារនេះផ្តោតជាសំខាន់លើទូរស័ព្ទ iPhone ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ចាស់ៗ (ជាពិសេសចាប់ពីជំនាន់ 18.4 ដល់ 18.6.2) ហើយវាអាចលួចយកសារ ពាក្យសម្ងាត់ កាបូបលុយគ្រីបតូ (Crypto wallets) រូបថត និងសូម្បីតែទិន្នន័យទីតាំងរបស់អ្នក។

អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺ៖
• ឧបករណ៍ប្រមាណពី ២២០ ទៅ ២៧០ លានគ្រឿងនៅទូទាំងពិភពលោក អាចប្រឈមនឹងហានិភ័យនៃការវាយប្រហារនេះ

• វាប្រើប្រាស់ចន្លោះប្រហោងសុវត្ថិភាពជាច្រើន (រួមទាំងចន្លោះប្រហោងមិនទាន់ស្គាល់ ឬ Zero-day flaws) ដើម្បីគ្រប់គ្រងឧបករណ៍ទាំងស្រុង

• មានការផ្សារភ្ជាប់ទៅនឹងក្រុម Hacker គាំទ្រដោយរដ្ឋ និងក្រុមចារកម្មតាមដានកម្រិតខ្ពស់

ក្រុមហ៊ុន Apple បានបញ្ចេញនូវកំណែអាប់ដេតប្រព័ន្ធសុវត្ថិភាពរួចរាល់ហើយ ប៉ុន្តែឧបករណ៍ដែលមិនទាន់បានអាប់ដេត (Unpatched devices) នៅតែប្រឈមនឹងហានិភ័យខ្ពស់ដដែល — ដូច្នេះ ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ (Software updates) គឺជាខ្សែការពារទីមួយ និងសំខាន់បំផុតរបស់អ្នក៕ by OU PhanNarith
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង