ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូនលោកបណ្ឌិត Shawn Baker នាយករងប្រតិបត្តិនៃអង្គការ Helen Keller International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានអនុញ្ញាតជូនលោកបណ្ឌិត Shawn Baker នាយករងប្រតិបត្តិនៃអង្គការ Helen Keller International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្នរវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអង្គការ Hellen Keller នាពេលកន្លងមក ដែលបានរួមចំណែកដល់ការពង្រឹងប្រព័ន្ធស្បៀង និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏ល្អប្រសើរសម្រាប់ស្ត្រី និងកុមារ។ ឯកឧត្តមក៏បានថ្លែងអំណរគុណអង្គការនេះចំពោះការគាំទ្រយន្តការអភិបាលកិច្ចវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភទាំងនូវថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (TWG-FSN & PWG-FSN) ការចូលរួមក្នុងដំណើរការតាក់តែង និងអនុវត្តនូវយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូត្ថម្ភ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រព័ន្ធស្បៀងប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមនានា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរអង្គការនេះដែលបានគាំទ្រ និងជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធផ្សេងៗក្នុងការដាក់សាកល្បងនូវគម្រោងអន្តរវិស័យ «នវានុវត្តន៍ថ្មីសម្រាប់លទ្ធផលកាន់តែប្រសើរ៖ ការធ្វើសមាហរណកម្មរវាងវិស័យកសិកម្ម សុខាភិបាល និងអប់រំ ដើម្បីផ្លាស់ប្តូរលទ្ធផលអាហារូបត្ថម្ភនៅកម្ពុជា» -INAS និងការផ្តល់នូវជំនួយមនុស្សធម៍ដល់គ្រួសារជនភៀសសឹកពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមក៏បានពន្យល់ដោយសង្ខេបនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលក្នុងនោះការគិតគូរដល់ការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពផ្សេងៗទៀត។
លោកអនុប្រធានប្រតិបត្តិនៃអង្គការ Hellen Keller International បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិតសភាចារ្យដែលបានអនុញ្ញាតជូនរូបលោក និងសហការីបានចូលជួប និងសម្តែងការគួរសមនាពេលនេះ។ លោកអនុប្រធានប្រតិបត្តិ បានសម្តែងនូវការពេញយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមកដែលបានផ្តល់កម្មវិបាកជាវិជ្ជមាន និងជាក់ស្តែងដល់ប្រជាជនកម្ពុជា ពិសេសស្រ្តី និងកុមារ។ លោកក៏បានធ្វើការប្តេជ្ញាចិត្តថានឹងបន្តខិតខំគាំទ្រក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបន្តទៀត សំដៅរួមចំណែកដល់ចក្ខុវិស័យរបស់កម្ពុជាក្នុងការលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា៕
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង