ព័ត៌មានជាតិ អាជ្ញាធរជាតិអប្សរា បន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរ By MTV Today On Feb 10, 2026 អាជ្ញាធរជាតិអប្សរា បន្តរៀបចំអភិវឌ្ឍន៍វង់ទស្សនាតាមប្រាសាទ និងបង្កើតផលិតផលទេសចរណ៍ថ្មី ឱ្យបានកាន់តែច្រើនកន្លែងថែមទៀត ក្នុងគោលបំណងធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនារមណីយដ្ឋានអង្គរ ទទួលបានបទពិសោធន៍ល្អ និងអាចពន្យារការស្នាក់នៅបានយូរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សារៀបចំទៅលើវង់ទស្សនាជាច្រើន នៅតំបន់អង្គរ តាមរយៈការដំឡើងបរិក្ខារទេសចរណ៍ ដែលអាចផ្តល់ព័ត៌មានបន្ថែមអំពីប្រាសាទនីមួយៗដល់ទេសចរជាតិ និងអន្តរជាតិនូវចំណុចទាក់ទាញ រយៈពេលនៃការទស្សនា ព្រមទាំងប្រវត្តិនៃប្រាសាទផង ដើម្បីលើកទឹកចិត្តដល់ទេសចរ។ ពិសេស ភ្ញៀវទេសចរជាតិ មកទស្សនាប្រាសាទនានា នឹងយល់ដឹងរឿងរ៉ាវប្រវត្តិសស្រ្ត ប្រវត្តិសិល្បៈច្រើនជាងមុន។ លោកថា ការសិក្សារៀបចំវង់ទស្សនាទាំងនោះ បានធ្វើនៅតាមប្រាសាទជាច្រើនក្នុងវង់តូច និងវង់ធំរួចមកហើយ គឺខ្វះតែការដំឡើងបរិក្ខារទេសចរណ៍មួយចំនួនឱ្យរួចរាល់ ទើបដាក់ឱ្យអនុវត្តដូចប្រាសាទផ្សេងៗ។ កន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានប្រកាសដាក់ឱ្យដំណើរការវង់ទស្សនាជាផ្លូវការមួយចំនួនដូចជា នៅប្រាសាទភ្នំក្រោម ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្តជាដើម។ ប្រសិនបើអាចបំពាក់បរិក្ខាររួចរាល់ គឺអាចនឹងប្រកាសឱ្យប្រើប្រាស់វង់ទស្សនាថ្មីចំនួន២បន្ថែមទៀត គឺប្រាសាទព្រះខ័ន និងប្រាសាទតាកែវ។ អាជ្ញាធរជាតិអប្សរា ក៏កំពុងសិក្សាវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយធំ ក្បាលស្ពាន និងប្រាសាទមួយចំនួនទៀត ដែលទេសចរមិនសូវចាប់អារម្មណ៍ រួមមាន ប្រាសាទចៅស្រីវិបុល ក្រុមប្រាសាទតំបន់រលួស និងប្រាសាទបេងមាលា។ នេះជាការកែសម្រួលបន្ថែមលើផលិតផលទេសចរណ៍ឱ្យមានភាពទាក់ទាញ និងលើកទឹកចិត្តឱ្យទេសចរចូលទៅទស្សនាប្រាសាទជាច្រើនដែលពួកគេពុំធ្លាប់បានទៅពីមុន និងជាជម្រើសសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាតំបន់អង្គរលើកទី២ ឬលើកទី៣៕ អត្ថបទ៖ ឆាយ ផាន់នី, រូបភាព៖ យី សុថា,ស៊ិន ប្រណី អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint