ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំអន្តរាគមន៍ពីសំណាក់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា ក្នុងនាមប្រទេសទាំងពីរជាសហប្រធាននៃអាយស៊ីស៊ី-ព្រះវិហារ ក៏ដូចទៅស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ក្នុងនាមប្រទេសទាំងពីរជាសាក្សីនៃសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ ក្នុងន័យផ្តល់ព័ត៌មាន និងជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ។
តាមសេចក្តីជូនដំណឹង នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា រយៈពេលពីរថ្ងៃនៃការបាញ់ ប្រហារឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា បានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៃប្រាសាទព្រះវិហារ ជាពិសេសអគារបំពេញការងារអភិរក្សក្រោមកិច្ចសហការកម្ពុជា-ឥណ្ឌា នាទីតាំងប្រាសាទ។
សេចក្តីជូនដំណឹង បានឲ្យដឹងបន្តថា នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រាសាទតាក្របី ជាទីគោរពសក្ការៈរបស់កម្ពុជា ក៏ទទួលរងនូវការបាញ់ បំផ្លាញយ៉ាងសាហាវ ដែលបង្ហាញនូវសកម្មភាពអសីលធម៌ និងការរំលោភបំពានលើបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងមនុស្សជាតិ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការទំនាក់ទំនងជាប្រចាំជាមួយស្ថាប័នជាតិ អន្តរជាតិ ជាពិសេស អង្គការយូណេស្កូ ដើម្បីសុំអន្តរាគមន៍ឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់ សកម្មភាពបំផ្លិចបំផ្លាញបេតិកភណ្ឌមរតកមនុស្សជាតិ។
សេចក្តីជូនដំណឹង បានបញ្ជាក់ទៀតថា «ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានធ្វើលិខិតស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ក្នុងនាមប្រទេសទាំងពីរជាសហប្រធាន នៃអាយស៊ីស៊ី-ព្រះវិហារ ក៏ដូចទៅស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ក្នុងនាមប្រទេសទាំងពីរជាសាក្សីនៃសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ ក្នុងន័យផ្តល់ព័ត៌មាន និងជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ»៕

ព័ត៌មានដែលជាប់ទាក់ទង