សេចក្តីប្រកាសព័ត៌មានរបស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅវេលាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចុះផ្សាយថា ”កម្ពុជាបានចល័តរថក្រោះនៅក្រុងសំរោង ខេត្តឧត្តមានជ័យ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖
១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តរថក្រោះ គឺជាព័ត៌មានមិនពិត
២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពី សន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស៕
ព័ត៌មានដែលជាប់ទាក់ទង