អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកឡើងដល់ជាង១១០នាក់ និងជាង១៨០នាក់បាត់ខ្លួន
មនុស្សជាង ១១០នាក់ត្រូវបានបញ្ជាក់ថាបានបាត់បង់ជីវិត និងយ៉ាងហោចណាស់ជាង ១៨០នាក់ កំពុងបាត់ខ្លួន ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅភាគកណ្តាលរដ្ឋតិចសាស់ បានឈានចូលថ្ងៃទី៥ កាលពីថ្ងៃអង្គារ ទី៦ សប្ដាហ៍នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានគ្របដណ្ដប់ទន្លេ ហ្គ័រដាលូប៉េ(Guadalupe) ដោយបានបង្កជាទឹកជំនន់ជន់លិចលំនៅឋាននានា និងជំរំរដូវក្តៅក្នុងតំបន់។
ស្នងការនគរបាលស្រុក Kerr លោក Larry Leitha បាននិយាយក្នុងការធ្វើបច្ចុប្បន្នភាពកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍ម្សិលមិញនេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១១០នាក់ រួមទាំងកុមារយ៉ាងហោចណាស់ ២៧នាក់ និងអ្នកប្រឹក្សាមកពីជំរំ Camp Mystic ជាជំរំក្មេងស្រីគ្រីស្ទាន នៅក្នុងស្រុក Kerr ជាទីដែលទឹកជំនន់បានវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតចាប់ពីថ្ងៃទី៤ ខែកក្កដា។ យ៉ាងហោចណាស់មានកុមារចំនួន ៣០នាក់ក្នុងចំណោមអ្នកស្លាប់នៅក្នុងស្រុកនេះ ។
លោក Leitha ដែលបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់របស់ស្រុកនេះឡើងដល់ ៨៧នាក់ បាននិយាយថា អ្នកបោះជំរំនៅជំរំ Mystic ៥នាក់ និងអ្នកប្រឹក្សាម្នាក់នៅតែមិនទាន់រកឃើញ ។
មន្ត្រីនៅក្នុងស្រុក Kendall ក៏បាននិយាយកាលពីថ្ងៃអង្គារផងដែរថា ចំនួនអ្នកស្លាប់នៅស្រុកនេះបានកើនឡើងដល់ ៧នាក់ កើនឡើងពីចំនួន ៦នាក់។ នៅក្នុងស្រុក Burnet មនុស្សទី៥ ត្រូវបានបញ្ជាក់ថាបានស្លាប់។
លោក Greg Abbott អភិបាលរដ្ឋតិចសាស់ បាននិយាយថា លោកប្រធានាធិបតី Donald Trump បានសន្យាថានឹងផ្តល់ការសង្គ្រោះគ្រប់មធ្យោបាយដែលរដ្ឋតិចសាស់ត្រូវការដើម្បីសង្គ្រោះពីទឹកជំនន់៕ អរគុណសន្តិភាព
![]()
