កីឡា ផ្តល់គុណតម្លៃដល់ការបណ្តុះសីលធម៌ វិន័យ និងស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយភាតរភាព សាមគ្គីភាព និងទំនាក់ទំនងល្អរវាងគ្នា និងគ្នា
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជារៀបចំ ក្នុងនាមជាម្ចាស់ផ្ទះ។ ពិធីបើកផ្លូវការនៃព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាស៊ីអាគ្នេយ៏ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា, លោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ ព្រមទាំងគណៈប្រតិបត្តិសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា អង្គទូតនានា កីឡាករ កីឡាការិនីមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំនួន៧ប្រទេស។
ក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “ព្រឹត្តិការណ៍ប្រកួតកីឡា មិនត្រឹមតែជាការប្រកួតប្រជែង ដើម្បីដណ្តើមជ័យលាភី ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដ៏សំខាន់ សម្រាប់ការបណ្តុះសីលធម៌ វិន័យ និងស្មារតី ទទួលខុសត្រូវខ្ពស់។ តាមរយៈការប្រកួតប្រជែងដោយយុត្តិធម៌ យើងរៀនសូត្រពីការគោរពគ្នា ការទទួលស្គាល់សមត្ថភាពអ្នកដទៃ និងការចេះអត់ធ្មត់ក្នុងការតស៊ូ។ ទាំងនេះ គឺជាគុណតម្លៃដ៏ថ្លៃថ្លា ដែលកីឡាបានផ្តល់ជូនយើងម្នាក់ៗ។”
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា “សហគមន៍ កីឡា បានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា និងបណ្តុះវប្បធម៌នៃការចូលរួមជាមួយគ្នា ដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌ សម្បុរ ឬសាវតា តែផ្តោតជាភាសារួមគ្នា នៃការខិតខំប្រឹងប្រែង ការងារជាក្រុម និងការ គោរពគ្នាទៅវិញទៅមក។ ក្នុងន័យនេះ កីឡា ជាស្ពានដ៏សំខាន់ ក្នុងការរក្សាទំនាក់ទំនង ល្អរវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឱ្យកាន់តែមានភាពស្និទ្ធស្នាល តាម រយៈការលេងកីឡា និងការផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។”
“លើសពីនេះ កីឡា បានរួមចំណែកដល់ការរក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខុមាលភាព ដែលជាកត្តាដ៏សំខាន់នៃផលិតភាពពលកម្ម និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាប្រជាពលរដ្ឋដែលមានគំនិត ច្បាស់លាស់ មានភាពងាយស្រួលក្នុងការចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្តីសង្ឃឹមខ្ពស់ ក្នុងការបង្កើនធនធានមនុស្សប្រកបដោយគុណភាព ដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ។” ឯកឧត្តមបន្ថែម។
គួររំលឹកឡើងវិញថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ក្នុងឆ្នាំ២០១៦ ដោយមានប្រទេសចំនួន៧បានចូលរួម៕ អរគុណសន្តិភាព
![]()
![]()

