សុខភាព ជំងឺខ្សោយពោះវៀន (Irritable Bowel Syndrome) By PA THOM PRESS On Mar 20, 2025 ជំងឺខ្សោយពោះវៀន (Irritable Bowel Syndrome)! ១) អ្វីទៅជា ជំងឺខ្សោយពោះវៀន? គឺជាបណ្តុំរោគសញ្ញាទាំងឡាយណាដែលបញ្ជាក់ថា អ្នកជំងឺមានបញ្ហានៅក្នុងពោះវៀន។ ដោយពាក្យរបស់ខ្មែរ យើងមិនទាន់មានពាក្យណាអាចបកប្រែអោយចំ និងស្រួលស្តាប់។ ជំងឺនេះត្រូវបានគេអោយឈ្មោះផ្សេងៗគ្នា ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺ ដូចជា៖ – ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ – ជំងឺខ្យល់ក្នុងពោះវៀន – និង ហើមពោះវៀនជាដើម ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់ ជាពិសេសទៅលើអ្នកជំងឺដែលមកពិគ្រោះនៅផ្នែកថ្លើម-ក្រពះ-ពោះវៀន (លើសពី៥០%)។ ២) តើរោគសញ្ញានៃជំងឺខ្សោយពោះវៀនមានអ្វីខ្លះ? រោគសញ្ញានៃជំងឺខ្សោយពោះវៀន រួមមាន៖ – ការឈឺពោះរ៉ាំរ៉ៃ – ចុកឆ្អល់ ក្នុងពោះ – តឹងណែនក្នុងពោះ – ញ៉ាំឆាប់ឆ្អែត និងរោគសញ្ញាមួយចំនួនទៀតដែលអាចអោយគេចែកជំងឺនេះជា ៤ ក្រុម ៖ – រាគរ៉ាំរ៉ៃ (ក្រុមទី១) – ទល់លាមករ៉ាំរ៉ៃ (ក្រុមទី២) – រាគ និងទល់លាមកឆ្លាស់គ្នា (ក្រុមទី៣) – មិនមានរោគសញ្ញារាគ ឬ ទល់ទេ (ក្រុមទី៤) ៣) តើជំងឺខ្សោយពោះវៀននេះមាន លក្ខណៈធ្ងន់ធ្ងរដែរឬទេ? ជាទូទៅជំងឺខ្សោយពោះវៀន វាមិនមានបង្កជាផលវិបាកធ្ងន់ធ្ងរទេ តែវាមានភាពរំខានខ្លាំងក្នុងជីវភាពរស់នៅរបស់អ្នកជំងឺ។ ៤) តើធ្វើយ៉ាងណាដើម្បីអោយដឹងថា អ្នកជំងឺមានជំងឺខ្សោយពោះវៀនពិតប្រាកដមែន? ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀន គឺពឹងផ្អែកទៅលើរោគសញ្ញា ដែលផ្តល់ដោយអ្នកជំងឺ យ៉ាងណាម៉ិញ មានជំងឺមួយចំនួនអាចស្តែងចេញរោគសញ្ញាដូចជំងឺខ្សោយពោះវៀនដែរដូចជា ជំងឺរលាកពោះវៀនដោយសារមេរោគដំបៅពោះវៀន និងជំងឺមហារីកពោះវៀនជាដើម។ ដូចនេះ ដើម្បីធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀនអោយបានសុក្រិត អ្នកជំងឺគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម-ក្រពះ-ពោះវៀន។ ៥) តើមានវិធីអ្វីអាចបង្ការជំងឺនេះបានដែរឬទេ? ជំងឺនេះមិនទាន់មានវិធីបង្ការណាមួយជាក់លាក់ទេ ព្រោះមូលហេតុពិតប្រាកដនៃជំងឺខ្សោយពោះវៀន មិនទាន់បានត្រូវគេរកឃើញនៅឡើយ ប៉ុន្តែគេសង្កេតឃើញថា សុខភាពផ្លូវចិត្តមានការប៉ះពាល់យ៉ាងខ្លាំងទៅលើជំងឺនេះ។ អ្នកដែលមានសម្ពាធការងារ ឬគ្រួសារច្រើន ភាគច្រើនមានបញ្ហានេះជាញឹកញាប់។ អ្នកដែលមានសុខភាពផ្លូវចិត្តល្អ ភាគច្រើនមិនមានបញ្ហានេះទេ។ ៦) តើអ្នកជំងឺខ្សោយពោះវៀន គួរតមអ្វីខ្លះ? ជាទូទៅចំណីអាហារមិនមែនជាកត្តាបង្កជំងឺខ្សោយពោះវៀននោះទេ ប៉ុន្តែចំណីអាហារមួយចំនួនអាចធ្វើឲ្យមានលេចចេញរោគសញ្ញាខ្សោយពោះវៀនកាន់តែច្បាស់ និងខ្លាំងក្លា។ អ្នកជំងឺម្នាក់ៗអាចឆ្លើយតបទៅនឹងចំណីអាហារខុសៗគ្នាដូចជាៈ – អ្នកខ្លះញ៉ាំម្ជូរមិនបាន – អ្នកខ្លះញ៉ាំស៊ុតមិនបាន – អ្នកខ្លះទៀតញ៉ាំបន្លែមិនបាន ដូចនេះការតមអាហារគឺធ្វើទៅតាមករណីរបស់អ្នកជំងឺនីមួយៗ។ បញ្ជាក់៖ ដោយជំងឺខ្សោយពោះវៀនជាជំងឺមួយដែលគេតែងជួបប្រទះញឹកញាប់ តែរោគសញ្ញានៃជំងឺនេះមានការភាន់ច្រឡំទៅនឹងជំងឺមួយចំនួនដែលអាចមានលក្ខណៈធ្ងន់ធ្ងរ អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺខ្សោយពោះវៀន គួរតែជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ផ្នែកថ្លើម-ក្រពះ-ពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់និងទទួលនូវសេវាព្យាបាលអោយបានត្រឹមត្រូវ។ “ចូលរួមយល់ដឹងអំពីបញ្ហាសុខភាពខ្លួន ដើម្បីសុខុមាលភាពយូរអង្វែង!” ប្រភពមន្ទីរពេទ្យកាល់ម៉ែត អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint