ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បានអញ្ជើញទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់ លោកជំទាវបណ្ឌិត អ៊ែន អាលី រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បានអញ្ជើញទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់ លោកជំទាវបណ្ឌិត អ៊ែន អាលី រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ រដ្ឋមន្រ្តីទទួលបន្ទុកអាជីវកម្មខ្នាតតូច និងជារដ្ឋមន្រ្តីទទួល​បន្ទុក​កិច្ចការ​ពហុវប្បធម៌នៃប្រទេសអូស្រ្តាលី ក្នុងឱកាសដែលលោកជំទាវរដ្ឋមន្រ្តីបំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួប រដ្ឋមន្រ្តីទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តចំពោះការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង កម្ពុជា-អូស្រ្តាលី ក្នុងរយៈពេលជាង ៧ ទសវត្សរ៍មកនេះ ដែលស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យ​ទាក់ទង​ជាន់​ខ្ពស់​ជាញឹកញាប់ កំណើនពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរ បានពិភាក្សា​យ៉ាង​ស៊ី​ជម្រៅ​អំពីមធ្យោបាយក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអាទិភាព រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម កសិ-ឧស្សាហកម្ម ថាមពល ការអប់រំ និងការបោសសម្អាតមីន។ ជាមួយគ្នានេះ ភាគីទាំងពីរ​ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។

ដោយឆ្នាំ២០២៧ខាងមុខ គឺជាខួបលើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា និងអូស្រ្តាលី បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងបន្ថែមទៀត។ ភាគីទាំងពីរត្រៀមរួចជាស្រេចក្នុងការរៀបចំសកម្មភាពរួម ដើម្បី​អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកជំទាវបណ្ឌិត អ៊ែន អាលី អំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ៕
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង