ព័ត៌មានជាតិព័ត៌មានអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់នៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ថា ព្រំដែននៃប្រទេសមួយ មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ហើយកម្ពុជាមិនទទួលស្គាល់ជាដាច់ខាត ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង By MTV Today On May 27, 2026 វ៉ាស៊ីនតោន ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ “ខ្ញុំសូមទាញចំណាប់អារម្មណ៍របស់កិច្ចប្រជុំថា ថៃបានរំលោភដែនអធិបតេយ្យភាពកម្ពុជា រួមទាំងការកាន់កាប់ដោយខុសច្បាប់ និងការប៉ុនប៉ងបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែង (fait accompli)”។ នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងនៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅសហរដ្ឋអាម៉េរិក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ “កម្ពុជាសូមអរគុណដោយស្មោះចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ប៉ុន្តែយើងនៅតែមានការព្រួយបារម្ភចំពោះស្ថានការណ៍នៅលើដីក្នុងតំបន់មួយចំនួនដែលថៃបានកាន់កាប់ក្នុងដែនអធិបតេយ្យភាពកម្ពុជា ហើយកម្ពុជាស្នើឱ្យភាគីថៃ ត្រូវអនុវត្តឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ នូវកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ ជាពិសេសសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ”។ បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា៖ “ការប្រកាន់យកច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនាដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក នៅតែជាកត្តាចាំបាច់សម្រាប់ការស្តារទំនុកចិត្ត ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង និងផ្តល់លទ្ធភាពឱ្យជនភៀសខ្លួនត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបន្តគាំទ្រកិច្ចប្រឹងប្រែងរកដំណោះស្រាយសន្តិវិធីទាំងនេះ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ និងដើម្បីបន្តសន្តិភាព ស្ថិរភាព និងវិបុលភាព។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីដ៏សំខាន់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលអស់រយៈពេល៨០ឆ្នាំមកហើយ ដែលត្រូវបានប្រើជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ និងជាក្របខ័ណ្ឌសម្រាប់ទំនាក់ទំនងរវាងប្រជាជាតិនានាទូទាំងពិភពលោក។ សមភាព អធិបតេយ្យភាពនៃរដ្ឋ ការគោរពឯករាជ្យភាព និងបូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចៀសវាងពីការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង នៅតែជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព។ សូមរម្លឹកថា កម្ពុជាបានប្រកាន់ខ្ជាប់ និងអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០២៥ ប្រកបដោយការទទួលខុសត្រូវ និងស្មោះត្រង់ ប៉ុន្តែភាគីថៃបាននិងកំពុងរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាជាបន្តបន្ទាប់តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ បំផ្លិចបំផ្លាញផ្ទះសម្បែងដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់ នាពេលកន្លងមក៕ ដោយ ផែន រតនៈ Connect with AKP អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint