ព័ត៌មានជាតិ ពិធីបួងសួង និងសុំសេចក្ដីសុខក្នុងកម្មវិធី “សៀមរាបសង្រ្កាន្ត” នាឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស.២០២៦ By MTV Today On Apr 2, 2026 ស.ស.យ.ក.ខេត្តសៀមរាប ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ាន ឃុន បានដឹកនាំលោកលោកស្រីជាថ្នាក់ដឹកនាំខេត្ត និងក្រុមគ្រួសារ ស.ស.យ.ក.ខេត្តសៀមរាប រៀបចំពិធីបួងសួង និងសុំសេចក្ដីសុខក្នុងកម្មវិធី “សៀមរាបសង្រ្កាន្ត” នាឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ នាពេលខាងមុខនេះ។ សូមជម្រាបដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត រៀបចំកម្មវិធីកម្សាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារព្រះរាជដំណាក់ សួនច្បារព្រះអង្គចេកព្រះអង្គចម និងតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានថ្មវត្តរាជបូណ៌ ។ ការរៀបចំកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ចូលរួមកម្សាន្ដសប្បាយក្នុងកំឡុងពេលសម្រាកពីការងារ ដើម្បីស្វែងយល់ និងបង្ហាញឱ្យឃើញនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងចូលរួមលេងកម្សាន្ដនូវល្បែងប្រជាប្រិយខ្មែរ ដែលមានតាំងពីបុរាណកាលមក ។ មួយវិញទៀតការរៀបចំកម្មវិធីធ្វើឡើងដើម្បីជំរុញដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមក្នុងការស្ដារ និងលើកស្ទួយសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការគាំទ្រអំពីផលិតផលខ្មែរដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ ដោយអនុវត្តតាមពាក្យស្លោក «ភូមិមួយផលិតផលមួយ» ។ កម្មវិធីសាសនា កម្មវិធីជិះទូកកម្សាន្ត កម្មវិធីស្ដង់ពិព័រណ៌ កម្មវិធីតន្ត្រីស្គរដៃ សកម្មភាពល្បែងប្រជាប្រិយ សកម្មភាពផ្សេងៗទៅតាមតំបន់ កម្មវិធីសម្ដែងសិល្បៈចម្រុះ កម្មវិធីប្រណាំងទូក កម្មវិធីប្រគុំតន្រ្តី និងកម្មវិធីលេងកម្សាន្តជាច្រើនទៀត៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint