“វត្តអារាមមិនត្រឹមតែជាទីកន្លែងសម្រាប់ការបំពេញបុណ្យកុសលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះស្ថានអប់រំ ដែលរួមចំណែកបណ្តុះបណ្តាលមនុស្សឱ្យក្លាយជាពលរដ្ឋល្អ មានសុជីវធម៌ មានវិន័យ និងមានទំនួលខុសត្រូវចំពោះសង្គម”
ខេត្តក្រចេះ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីតួនាទីវត្តអារាមដែលមិនត្រឹមតែជាទី កន្លែងសម្រាប់ការបំពេញបុណ្យកុសលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះស្ថានអប់រំ ដែលរួមចំណែកបណ្តុះបណ្តាលមនុស្សឱ្យក្លាយជាពលរដ្ឋល្អ មានសុជីវធម៌ មានវិន័យ និងមានទំនួលខុសត្រូវចំពោះសង្គម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងបែបនេះ នៅក្នុងក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះរាមានុបាល ឌន ស៊ីដន ឱ្យឡើងទៅជាព្រះគ្រូវិសុទ្ធិមេធា ព្រះរាជាគណៈថ្នាក់កិត្តិយស គណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងឱ្យឡើងទៅជាព្រះគ្រូអនុគណស្រុកស្នួល នៅបរិវេណវត្តសទ្ធារង្សីខន្តិយារាម ស្ថិតក្នុងភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា “តាំងពីដើមរៀងមក ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេសក្នុងការលើកកម្ពស់ ការអប់រំផ្នែកចរិយាធម៌ សីលធម៌ និងគុណធម៌ ដល់ប្រជា ពលរដ្ឋកម្ពុជា។ តាមរយៈការអប់រំ ការទូន្មាន និងការអនុវត្តព្រះធម៌ ព្រះពុទ្ធសាសនា បាន ចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលមនុស្សឱ្យមានសុជីវធម៌ មានការអត់ធ្មត់ មាន មេត្តាធម៌ និងអាចរស់នៅក្នុងសង្គមដោយសុខដុមរមនា។ លើសពីនេះ ក្នុងនាមជាសាសនារបស់រដ្ឋ និងជាសាសនាដែលប្រជាជនខ្មែរភាគច្រើនគោរពប្រតិបត្តិ ព្រះពុទ្ធសាសនា ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព ការពារ និងអភិរក្ស វប្បធម៌ អក្សរសាស្ត្រ ប្រពៃណី អត្តសញ្ញាណជាតិ និងបុព្វហេតុរួមរបស់កម្ពុជាផងដែរ។”
“វត្តអារាមមិនត្រឹមតែជាទីកន្លែងសម្រាប់ការបំពេញបុណ្យកុសលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះស្ថានអប់រំ ដែលរួមចំណែកបណ្តុះបណ្តាលមនុស្សឱ្យក្លាយជាពលរដ្ឋល្អ មានសុជីវធម៌ មានវិន័យ និងមានទំនួលខុសត្រូវចំពោះសង្គម។ ជាពិសេស ចាប់តាំងពីបុរាណកាលមក វត្តអារាមតែងតែជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ក្នុងនាមជាគ្រឹះស្ថាន ដែលផ្តល់ទាំងចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកព្រះធម៌ ដែលជាគ្រឹះសម្រាប់ការ កសាងធនធានមនុស្ស។ ទន្ទឹមនឹងនេះ វត្តអារាមនីមួយៗ ក៏ជាមូលដ្ឋាននៃប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ កេរដំណែល និងការអភិវឌ្ឍរបស់សហគមន៍ នៅតាមមូលដ្ឋាននីមួយៗផងដែរ។” ឯកឧត្តមបានបន្ថែម៕
អរគុណសន្តិភាព
![]()
អរគុណសន្តិភាព

