ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ “រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើការងារអភិបាលកិច្ច និងការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងបានចាត់ទុកការកែទម្រង់រដ្ឋបាលសាធារណៈ ជាបេះដូងនៃការកែទម្រង់ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល”
ភ្នំពេញ ៖ [ការកែទម្រង់រដ្ឋបាលសាធារណៈ – វិធានការគន្លឹះទី២] លេខាធិការដ្ឋាននៃគ.វ.រ. និងក្រសួង ស្ថាប័នពាក់ព័ន្ធ ជួបពិភាក្សាគ្នា ពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា
ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដឹកនាំការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៣ ដោយសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរជាទីមោទនៈ។ ក្នុងនោះ ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោយពីបានធ្វើការវិភាគមុខងារក្រសួង ស្ថាប័នរួចមក ក្រសួងមុខងារសាធារណៈ បានបន្តដឹកនាំរៀបចំកែសម្រួល និងបានបញ្ចប់អនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ចំនួន១០ ព្រមទាំងបានដាក់ចេញជាបន្តបន្ទាប់។
ជាក់ស្តែងនារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លេខាធិការដ្ឋាននៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បាន និងកំពុងពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា។ កិច្ចប្រជុំនារសៀលនេះ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគ.វ.រ. ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ននានា តំណាងអភិបាលនៃគណៈអភិបាលទាំង ២៥រាជធានី-ខេត្ត ព្រមទាំងមន្ត្រីបច្ចេកទេសជាច្រើនរូប។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា “រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើការងារអភិបាលកិច្ច និងការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងបានចាត់ទុកការកែទម្រង់រដ្ឋបាលសាធារណៈ ជាបេះដូងនៃការកែទម្រង់ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។ ប្រាកដណាស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តបេសកកម្ម ការកែទម្រង់រដ្ឋបាលសាធារណៈ ពីអាណត្តិមុនៗ ក្នុងនោះ ដោយធ្វើការសម្រួចមុំ។ ជាមួយគ្នានេះ គណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដែលដឹកនាំដោយសម្តេមហាបវរធិបតី ផ្ទាល់ ក្នុងការដាក់ចេញការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសារណៈ។
“កិច្ចពិភាក្សារបស់យើងនារសៀលនេះ ស្ថិតក្នុងការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ទៀតសោត ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន គឺស្របទៅតាមគោលការណ៍ណែនាំរបស់ សម្តេចមហាបវរធិបតី «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ» ព្រមទាំងមានភាពប្រទាក់ក្រឡាគ្នាក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ។” ឯកឧត្តមបានបន្ថែម។
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “រាល់សេចក្តីព្រាងអនុក្រឹត្យទាំងអស់ សុទ្ធតែបានឆ្លងកាត់កិច្ចពិភាក្សាយ៉ាងហ្មត់ចត់ និងមតិយោបល់ជាច្រើនលើកច្រើនសារ ទាំងកម្រិតបច្ចេកទេស ទាំងកម្រិតអន្តរក្រសួង និងមានការចូលរួមពីក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ដោយមានការឯកភាពជាស្មារតីរួម ដើម្បីធានាដល់ការរៀបចំមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មានភាពច្បាស់លាស់ មានប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ដែលបានដាក់ចេញ និងអនុវត្តន៍។”
កិច្ចប្រជុំរយៈពេល ៤ម៉ោងពេញនេះ លេខាធិការដ្ឋាននៃគ.វ.រ. ជាមួយនឹងក្រសួង ស្ថាប័នសាមី និងភាគីពាក់ព័ន្ធ បានពិភាក្សាគ្នា និងចូលរួមមតិយោបល់យ៉ាងផុសផុល ទៅលើសេចក្តីព្រាងអនុក្រឹត្យទាំងពីរ ទាំងកម្រិតបច្ចេកទេស និងកម្រិតនយោបាយ ព្រមទាំងបានគិតគូរអំពីទិដ្ឋភាពទូទៅជាច្រើន ដើម្បីរកចំណុចឯកភាពរួមគ្នា ប្រកបដោយសង្គតិភាពរវាងអនុក្រឹត្យផ្សេងៗទៀត ដោយមិនឱ្យមានភាពត្រួតស៊ីគ្នា មិនជាន់សមត្ថកិច្ចគ្នា តែមានភាពប្រទាក់ក្រឡាគ្នា បំពេញឱ្យគ្នាទៅវិញទៅមក ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»៕
អរគុណសន្តិភាព
![]()
![]()
អរគុណសន្តិភាព


