ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់និង «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីប្រកាសព័ត៌មាន ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖
ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយ៉ាងកំរោល សាហាវ ឃោរឃៅ ល្មោភសង្គ្រាមរបស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារ នៅតំបន់ព្រលានថ្ម ក្នុងខេត្តព្រះវិហារ និងបានបន្តមកដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានឈានបើកការបាញ់ប្រហារ នៅវេលាម៉ោង ០៥:០៤នាទីព្រឹក រហូតដល់ម៉ោង ០៦:០០នាទីល្ងាចនេះ យោធាថៃមិនទាន់ឈប់វាយប្រហារមកលើកម្ពុជានៅឡើយទេ នៅតំបន់អានសេះ និងនៅតំបន់ផ្សេងៗទៀតយ៉ាងកំរោល ។
នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ សកម្មភាពបាញ់ប្រហាររបស់យោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ប្រភេទ រួមទាំងកាំភ្លើងដៃ, កាំភ្លើងយន្ត, កាំភ្លើងត្បាល់ MT60, រថក្រោះ, កាំភ្លើងធំ 155mm, កាំភ្លើង 12,7 ព្រមទាំងប្រើយន្តហោះចម្បាំងប្រភេទ F-16ទម្លាក់គ្រាប់, យន្តហោះ AT-6 ប្រភេទទម្លាក់គ្រាប់បែក, ដ្រូនទម្លាក់គ្រាប់បែក និងប្រើប្រាស់ការបាញ់ផ្សែងពុលមកលើកងកម្លាំងកម្ពុជាក្នុងភូមិសាស្រ្តនោះ។
បន្ទាប់មកនៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបន្តពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់ផ្សេងៗទៀត នៅក្នុងយោធភូមិភាគទី៥ ក្នុងខេត្តបន្ទាយមានជ័យ ដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួន ដូចជានៅភូមិសាស្រ្តភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិគោករមៀត ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃបានធ្វើឡើង បន្ទាប់ពីធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ ដើម្បីនាំដល់ការប៉ះទង្គិចគ្នាឱ្យខានតែបាន។ នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ សកម្មភាពបាញ់ប្រហាររបស់យោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជាច្រើនប្រភេទដូចជា៖ កាំភ្លើងដៃ, កាំភ្លើងត្បាល់ប្រភេទ ៦០មម, កាំភ្លើងត្បាល់ប្រភេទ៨០មម, កាំភ្លើងយន្ត ១២,៧មម និងរថក្រោះ និងគិតមកត្រឹមម៉ោងនេះ យោធាថៃមិនទាន់ឈប់វាយប្រហារឈ្លានពានកម្ពុជានៅឡើយទេ។ បើទោះបីជាមានការបាញ់ប្រហារយ៉ាងគំហុកពីយោធាថៃតាំងពីថ្ងៃទី៧ និងបន្តដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែកងកម្លាំងកម្ពុជាមិនទាន់បានធ្វើការបាញ់តបតឡើយ គឺប្រកាន់ស្មារតីអត់ធ្មត់ខ្ពស់បំផុត។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏កំរោល និងសាហាវឃោរឃៅរបស់ថៃមកលើកម្ពុជា។
សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ភាគីថៃមកលើកម្ពុជាជាលើកទី២នេះ គឺបានបង្ហាញយ៉ាងច្បាស់ក្រឡែតនូវចេតនារបស់ភាគីថៃ ក្នុងការឈ្លានពានវាតយកទឹកដីប្រទេសជិតខាង តាមរយៈការប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួន និងការប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្តូរខ្សែព្រំដែន ដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលទង្វើបែបនេះជាការគំរាមកំហែងដ៏ធំបំផុតទៅដល់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងសកលលោក។
ទង្វើដ៏កំរោល និងខុសច្បាប់របស់ភាគីថៃនេះ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតនូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិនធ្វើជាសាក្សី និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលជាកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលសម្រេចបាននៅកិច្ចប្រជុំវិសាមញ្ញ និងកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់ មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩៕

