សន្តិសុខសង្គម ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Ka Green ដែលបានបង្ហោះដោយប្រើពាក្យសំដីអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនគណៈប្រតិភូ ចេញមកសារភាពកំហុស By PA THOM PRESS On Jul 16, 2025 ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមជម្រាបជូនសាធារណជនទៅនឹងផេកហ្វេសប៊ុកឈ្មោះ Ka Green ដែលបានថតក្បួនរថយន្ត គណៈប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងបង្ហោះដោយប្រើពាក្យសំដីអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនគណៈប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានអញ្ជើញត្រឡប់ពីការអញ្ជើញ សំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងថវិកា ផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។ ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ម្ចាស់គណនីផេកហ្វេសប៊ុកខាងលើ បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចជំនាញ ដោយបានសារភាពទទួលស្គាល់កំហុសឆ្គងដែលបាននិយាយប្រមាថប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំ និងគណៈប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទាំងមូល។ ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ដោយឃើញថា បុគ្គលខាងលើព្រមទទួលស្គាល់កំហុស គឺមិនយកទោសពៃរ៍អ្វីទេ ហើយបានពន្យល់ណែនាំទៅដល់ម្ចាស់ផេកខាងលើដោយផ្ទាល់ និងឱ្យសមត្ថកិច្ចជំនាញ ធ្វើកិច្ចសន្យាអប់រំ ណែនាំ ថ្ងៃក្រោយត្រូវធ្វើជាមនុស្សល្អនៅក្នុងសង្គម ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ត្រូវពិនិត្យឱ្យបានច្បាស់លាស់ថា អ្វីខុស អ្វីត្រូវ មុននឹងធ្វើការផ្សព្វផ្សាយក្នុងបណ្តាញសង្គម៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint