កម្លាំងទីបញ្ជាការជួរមុខបានរកឃើញសាកសពជនរងគ្រោះឈ្មោះ ផែន សុខហេង ដែលបានចុះមុជទឹកបាញ់ត្រីនៅក្រោមស្ពានកោះពស់ ដែលបាត់ខ្លួននោះ នៅចំណុចនិយាមកា Lat: 10°33’18″N, Long: 103°33’21″E ស្ថិតនៅជិតស្ពានអូត្រេះ

ខេត្តព្រះសីហនុ ៖ យោងតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ នៅវេលាម៉ោង០៦ៈ៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងទីបញ្ជាការជួរមុខ ចំនួន ៨រូប ដឹកនាំដោយ វរនាវីត្រី គួប ពិន មេបញ្ជាការរងកងនាវាអន្តរាគមន៍ បានប្រើប្រាស់មធ្យោបាយអូប័រចំនួន ២គ្រឿង (RIHB លេខ១៣៣ និងអូប័រ ៦០សេះ របស់ស្នាក់ការសន្តិសុខកោះតាង) បន្តចេញប្រតិបត្តិការស្វែងរកជនរងគ្រោះឈ្មោះ ផែន សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ ដែលបានចុះមុជទឹកបាញ់ត្រីនៅក្រោមស្ពានកោះពស់ បាត់ខ្លួនកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
លុះដល់វេលាម៉ោង ០៧ៈ៣៥នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងទីបញ្ជាការជួរមុខបានរកឃើញសាកសពជនរងគ្រោះ នៅចំណុចនិយាមកា Lat: 10°33’18″N, Long: 103°33’21″E ស្ថិតនៅជិតស្ពានអូត្រេះ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសមត្ថកិច្ចនិងមន្រ្តីជំនាញព្រមទាំងក្រុមគ្រូពេទ្យត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យ មុននឹងប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី៕
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង