សន្តិសុខសង្គម រកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ករណី នៅបុរីប៊ុនលីចំការដូង ផ្ទះលេខC១៦ ផ្លូវលេខBL០២ ភូមិសំបួរ By MTV Today On Jul 7, 2026 ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន ៩៤ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២៨៦នាក់ (ស្រី ៨៤នាក់) គ្មានលិខិតឆ្លងដែន ៣នាក់។ ក្នុងប្រតិបត្តិការនេះដែរ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ករណី នៅបុរីប៊ុនលីចំការដូង ផ្ទះលេខC១៦ ផ្លូវលេខBL០២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ (ស្រី ១នាក់) មានជនជាតិបង់ក្លាដេស ៧នាក់ (ប្រុស) និងជនជាតិមីយ៉ាន់ម៉ា ១នាក់ (ស្រី) ក្នុងនោះគ្មានលិខិតឆ្លងដែន ៣នាក់ ព្រមទាំងសម្ភារជាវត្ថុតាងមួយចំនួន។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពអូសទាញលួងលោមស្នេហា ហើយបន្តបោកប្រាស់ដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ (Investment Scams)។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint