ព័ត៌មានជាតិ តាមការសន្និដ្ឋានរបស់មន្រ្តីជំនាញ ត្រីបាឡែន ប្រហែល ១២ម៉ែត្រ ដែលហែលបណ្ដែតខ្លួននៅឆ្នេរតាបារាំងព្រឹកមិញអាចមកពី By MTV Today On Jan 30, 2026 ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រះសីហនុ បានជូនដំណឹងពីការចុះពិនិត្យ និង ជួយអន្តរាគមន៍ របស់វត្តមានត្រីបាឡែន នៅខាងមុខឆ្នេរតាបារាំង ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីប្រជាពលរដ្ឋ បានឃើញប្រភេទត្រីបាឡែន ១ក្បាល បានហែលនៅខាងមុខឆ្នេរតាបារាំង ស្ថិតនៅភូមិឃុំខាងលើ។ ទាក់ទិនទៅនឹងករណីនេះ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រះសីហនុ និងនាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចាត់តាំងលោក ញ៉ែម វណ្ណា នាយរងផ្នែកជលផលទំនប់រលក និងលោក ខៀវ ថា ប្រធានក្រុមអធិការកិច្ចជលផលខណ្ឌ ដើម្បីចុះពិនិត្យ និងជួយអន្តរាគមន៍ ប៉ុន្តែនៅពេលក្រុមការងារទៅដល់ទីតាំងនោះ ប្រភេទត្រីបាឡែនបានហែលចេញឆ្ងាយពីឆ្នេរទៅសមុទ្រក្រៅបាត់។ ភ្លាមៗនោះ មន្ត្រីជលផល បានជួបសាកសួរព័ត៌មាន លោកពូ បារាំង ម្ចាស់រីសតឆ្នេរ បានឱ្យដឹងថា ត្រីបាឡែនបានឡើងឆ្នេរនៅពេលព្រឹក បន្ទាប់មកហែលដេញចាប់ចំណីតាមបណ្តោយខាងមុខឆ្នេរ ក៏បណ្តែតខ្លួនចេញក្រៅ។ តាមប្រភពបានបន្តឱ្យដឹងថា តាមការអង្កេតរបស់គាត់ ត្រីបាឡែននោះ មានប្រវែងប្រហែល ១២ម៉ែត្រ មានសុខភាពល្អ ដោយនេះជាលើកទី១ ហើយដែលឃើញវត្តមានវានៅឆ្នេរនេះ។ ដើម្បីឱ្យប្រាកដត្រីបាឡែនមានសុវត្ថិភាព មន្ត្រីជលផល បានរងចាំអង្កេតនៅទីនោះរយៈពេល ៣ ទៅ ៤ម៉ោងទើបចាកចេញពីឆ្នេរនោះ។ តាមការសន្និដ្ឋាននេះ បណ្តាលមកពីតំបន់មានបរិស្ថានល្អ មានចំណីច្រើនសម្រាប់ប្រភេទបាឡែន ដូចជាគី កូនត្រីតូចៗ ធ្វើឱ្យវាតាមចាប់ចំណី៕ អត្ថបទដោយ៖ Muyly Sea Share FacebookTelegramEmailLinkedinPrint