សង្គ្រាមសាយប័រមានសារៈសំខាន់សម្រាប់ប្រទេសតូចៗ និងប្រទេសកំពុងអភិវឌ្ឍន៍

មានការយល់ច្រឡំថា សង្គ្រាមសាយប័រទាក់ទងតែនឹងមហាអំណាចពិភពលោក ដែលចូលរួមក្នុងការប្រកួតប្រជែងអំណាច។
ជំនឿនេះគឺខុសឆ្គងទាំងស្រុងជាពិេសសសម្រាប់ប្រទេសតូចៗ និងប្រទេសកំពុងអភិវឌ្ឍន៍។ តាមពិតប្រទេសទាំងនេះប្រឈមមុខនឹងហានិភ័យមិនសមាមាត្រនៅក្នុងដែនស៊ាយប័រ ដោយសារតែកង្វៈធនធាន ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធដើម្បីការពារខ្លួនឱ្យបានគ្រប់គ្រាន់។ សង្គ្រាមសាយប័រមិនរើសអើងដោយទំហំសេដ្ឋកិច្ច ឬកម្លាំងយោធានោះទេ វាទាញយកប្រយោជន៍ពីភាពទន់ខ្សោយនៅគ្រប់ទីកន្លែងដែលមាន។
ប្រទេសតូចៗក្លាយជាគោលដៅទាក់ទាញសម្រាប់ហេតុផលជាច្រើន។ ពួកគេអាចខ្វះការការពារសាយប័រដ៏ស្មុគស្មាញ ដែលធ្វើឱ្យពួកគេងាយស្រួលជ្រៀតចូល។ ពួកគេតែងតែបម្រើជាទីលានសាកល្បងដែលសត្រូវអាចកែលម្អយុទ្ធសាស្ត្រមុននឹងដាក់ពង្រាយពួកគេប្រឆាំងនឹងគោលដៅធំៗ។ ពួកគេអាចមានធនធានធម្មជាតិដ៏មានតម្លៃ ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ ឬអំណាចបោះឆ្នោតនៅក្នុងអង្គការអន្តរជាតិ ដែលធ្វើឱ្យប្រទេសទាំងនោះ ក្លាយទៅជាគោលដៅ។ លើសពីនេះការវាយប្រហារលើប្រទេសតូចមួយមានហានិភ័យទាបនៃការសងសឹក បើប្រៀបធៀបទៅនឹងការវាយប្រហារលើមហាអំណាចមួយ។
បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមមុខនឹង “ភាពផ្ទុយគ្នានៃការពឹងផ្អែកលើឌីជីថល”—ពួកគេពឹងផ្អែកកាន់តែខ្លាំងឡើងលើប្រព័ន្ធឌីជីថលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សេវាកម្មរដ្ឋាភិបាល និងការចូលរួមក្នុងសេដ្ឋកិច្ចសកល ប៉ុន្តែពួកគេខ្វះសមត្ថភាពសន្តិសុខតាមប្រព័ន្ធអុីនធឺណិតដើម្បីការពារប្រព័ន្ធទាំងនេះឱ្យបានគ្រប់គ្រាន់។ ការពឹងផ្អែកដែលកំពុងកើនឡើងនេះ ដោយគ្មានការការពារ បង្កើតឱ្យមានភាពងាយរងគ្រោះដែលអាចត្រូវបានវាយលុក ដែលសត្រូវនឹងមិនស្ទាក់ស្ទើរក្នុងការទាញយកប្រយោជន៍ឡើយ។
លើសពីនេះ ប្រទេសតូចៗតែងតែជាប់ក្នុងស្ថានភាពជម្លោះភូមិសាស្ត្រនយោបាយដ៏ធំ។ បណ្ដាញឌីជីថលរបស់ពួកគេអាចត្រូវបានប្រើជាចំណុចសម្រាប់ការវាយប្រហារប្រឆាំងនឹងភាគីទីបី ឬពួកគេអាចរងផលប៉ះពាល់ដោយចៃដន្យ នៅពេលដែលមេរោគដ៏ស្មុគស្មាញរីករាលដាលលើសពីគោលដៅដែលបានកំណត់របស់វា។ ឧទាហរណ៍នៃការវាយប្រហារ NotPetya ឆ្នាំ២០១៧ ដែលដំបូងឡើយកំណត់គោលដៅអ៊ុយក្រែន បានរីករាលដាលជាសកល និងបណ្តាលឱ្យខូចខាតជាង ១០ពាន់លានដុល្លារទូទាំងពិភពលោក នេះបង្ហាញថា មិនមានប្រទេសណាតូចពេក ឬនៅឆ្ងាយពេក ដែលមិនអាចរងផលវិបាកពីប្រតិបត្តិការសង្គ្រាមសាយប័រឡើយ។
សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍តម្រូវការគឺច្បាស់លាស់៖ សមត្ថភាពការពារតាមប្រព័ន្ធអុីនធឺណិតត្រូវតែបង្កើតឥឡូវនេះ មិនមែននៅពេលក្រោយទេ។ ការរង់ចាំរហូតដល់ក្រោយពេលការវាយប្រហារកើតឡើង មានន័យថារង់ចាំរហូតដល់វាយឺតពេលទៅហើយ។ ការវិនិយោគដែលត្រូវការសម្រាប់ការការពារតាមប្រព័ន្ធអុីនធឺណិតជាមូលដ្ឋាន គឺតិចតួចណាស់ បើប្រៀបធៀបទៅនឹងថ្លៃដើមនៃការបាត់បង់អធិបតេយ្យភាព ការរំខានសេដ្ឋកិច្ច និងការបាត់បង់ទំនុកចិត្តសាធារណៈចំពោះស្ថាប័នរដ្ឋាភិបាល៕
by OU Phannarith

ព័ត៌មានដែលជាប់ទាក់ទង