អបអរសាទរ ខួបលើកទី៧០ កម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិ (UN) ១៤ ធ្នូ ១៩៥៥ – ១៤ ធ្នូ ២០២៥
ភ្នំពេញ ៖ រយៈពេល៧០ឆ្នាំ នៃភាពជាសមាជិកនៃអង្គការសហប្រជាជាតិ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាមលោក។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតលើការរំលោភច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃ ដែលបានបានបង្កើនការវាយលុកដោយប្រើកាំភ្លើងត្បាល់ រថក្រោះ កាំភ្លើងធុនធ្ងន់ យន្តហោះគ្មានមនុស្សបើក យន្តហោះចម្បាំង និងបាញ់ផ្សែងពុល មកលើតំបន់ជាច្រើនតាមព្រំដែនក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង យ៉ាងសាហាវឃោរឃៅ ដោយគ្មានរើសមុខ ពោលគឺ វត្តអារាម សាលារៀន មន្ទីរពេទ្យ បន្ទាយទាហាន ប្រាង្គប្រាសាទបុរាណ ផ្ទះសម្បែងជនស៊ីវិលជាអាទិ៍ ដោយមិនខ្វល់ខ្វាយពី អាយុជីវិតប្រជាជនស៊ីវិលស្លូតត្រង់ និងគ្មានការគោរពទាល់តែសោះដល់បទដ្ឋានមនុស្សធម៌អន្តរជាតិ។
ទង្វើរបស់យោធាថៃបានរំលោភយ៉ាងធ្ងន់ធ្ងរ ទៅនឹងមាត្រា ២(៤) នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលបានចែងថា «សមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ត្រូវជៀសវាងក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួនពីការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយ ឬក្រោមរូបភាពណាមួយដែលមិនស្របតាមគោលបំណងរបស់អង្គការសហប្រជាជាតិ»។
យើងខ្ញុំសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការជាទីបំផុត ចំពោះទង្វើឈ្លានពានដ៏យង់ឃ្នង ទាំងកម្រោល និងអមនុស្សធម៌ជាទីបំផុតរបស់ថៃ ហើយយើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ ជាពិសេសស្ថាប័នមានសមត្ថកិច្ចរបស់អង្គការសហប្រជាជាតិ មេត្តាចូលរួមធ្វើអន្តរាគមន៍ ដាក់សម្ពាធ និងជំរុញឱ្យប្រទេសថៃបញ្ឈប់នូវរាល់សកម្មភាពឈ្លានពានដោយខុសច្បាប់ ហើយត្រឡប់មកគោរពនូវស្មារតីនៃបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពកម្ពុជា-ថៃឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីបញ្ចៀសសង្គ្រាម និងដើម្បីសេចក្ដីសុខនៃប្រជាជនប្រទេសទាំងពីរ៕

