ក្រសួងបរិស្ថាន ចាត់មន្រ្តីជំនាញចុះពិនិត្យនិងទប់ស្កាត់ករណីរោងចក្រទឹកកក ១កន្លែង នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានការលេចធ្លាយឧស្ម័នអាម៉ូញាក់
ភ្នំពេញ ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការលេចធ្លាយសារធាតុអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រសួងបរិស្ថាន បានចាត់មន្ត្រីជំនាញនៃអគ្គគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្ទាល់ទីតាំងកន្លែងកើតហេតុ នាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងជំហានដំបូងក្រុមការងារបានធ្វើការណែនាំ អំពីបទដ្ឋានបច្ចេកទេសបរិស្ថាន ដើម្បីទប់ស្កាត់កុំឱ្យមានការសាយភាយ ឬលេចធ្លាយសារធាតុឧស្ម័នពុល ក្នុងបរិយាកាស។
ស្ថានភាពបច្ចុប្បន្នរោងចក្រ បានធ្វើការបិទប្រព័ន្ធឧស្ម័ន និងធ្វើការផ្ទេរចូលទៅក្នុងស៊ីទែនឧស្ម័នថ្មីបានភ្លាមៗ និងមិនមានការលិចជ្រាបបន្តទៀតឡើយ។
ទោះជាយ៉ាងណា ក្រុមការងារនឹងបន្តពិនិត្យតាមដាន ចៀសវៀងការបំពុលដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ by FN
